ថ្ងៃណាជួបបង

Him Sivan
ច្រៀងយ ៖ ហ៊ឹម ស៊ីវន
ចង្វាក់៖ Slow

ពេលយប់ក៏ព្រួយពេលថ្ងៃក៏ព្រួយ

ព្រួយរលឹកនឹកតែបងមួយ
ជាត្រួយបណ្តូលជីវិត
តើដល់ថ្ងៃណាខែណាឆ្នាំណាទើបប្រុសវមិត្រ
មានវាសនាបានមកម្តងទៀត
មកប្រទេសអូស្ត្រាលី។
អនុស្សាវរីយ៍ហាក់នៅថ្មីៗ
បងធ្លាប់ដើរលេងជាមួយស្រី
នៅក្នុងទឹកដីស៊ីដនី
៣ ខែនិមលបានយល់បានស្គាល់ចិត្តគ្នាទាំងពីរ
មិនគួរមានកម្មពៀរវេរា
ឲ្យពុំងារឃ្លាតឃ្លាពីអូន។
ស្តាយមិនបានរស់ជួបជុំគ្នា
បងនៅប្រទេសកម្ពុជា
ឈ្មោះជាតារាភាពយន្ត
អូននៅស៊ីដនីរស់រងទុក្ខធ្ងន់
ជួបភ័ក្ត្រតែក្នុងកុន
តូចតន់អភ័ព្វណាស់បង។
សូមផ្ញើសំនៀងចម្រៀងជូនថ្លៃ
សូមខ្យល់ជំនោររាត្រី
ជួយនាំសម្តីខ្ញុំផង
ថាខ្ញុំនឹកណាស់ព្រួយណាស់គិតណាស់ចំពោះស្នេហ៍ស្នង
ខំអុចធូបបួងសួងបន់ផ្សង
សុំឲ្យបងបានសុខសាន្តអើយ៕

ថាមពលដុល្លារ

ច្រៀងដោយ ៖ កែវ សារ៉ាត់
ចង្វាក់ ៖ Slow

រៀមនៅស្រម៉ៃគ្រាដែលកន្លង ហាអឺ អើយ
អូនហើយនិងបងនៅវ័យកុមារ
បងនាំពៅរត់លេងក្នុងសួនច្បារ
រីករាយខ្ញៀវខ្ញាកាច់ផ្កាពូនដី។
ចាស់ទុំបានស្នើផ្សំដោយហោរ៉ា ហាអឺ អើយ
បងនិងកន្និដ្ឋាភ្ជាប់ពាក្យសម្តី
ធ្លាក់ខ្លួនកំព្រាវេទនាក្រក្រី
ឱ! ជំនូនថ្មីប្រល័យបងហើយ។
នឹកដើមជ្រៃក្រឹមនិងដើមកណ្តោល
បងនិងនិមនចារអក្ខរា
ជំនូនចាស់ចាញ់ថាមពលដុល្លារ
គប់បំបែកស្នេហាឲ្យរៀមរ៉ាគ្រាំហឫទ័យ។
សែនឃោឃៅណាស់ឥតធម្មមេត្តា ហាអឺ អើយ
ចិត្តកាចឫស្យាឥតត្រាប្រណី
បងនៅតែស្មោះដូចនាងកង្រី
តែកម្មអប្រិយប្រល័យស្នេហ៍យើង៕

ស្រម៉ៃកាលវ័យកុមារ

ច្រៀងដោយ ៖ ឈួយ សុភាព
ចង្វាក់ ៖ រាំក្បាច់

ស្រម៉ៃកាលវ័យនៅកុមារ
បងនិងតូចជីវ៉ាកាន់គ្នារត់ត្រសង
ក្រោមភ្លៀងផ្គរគ្រហឹមឆ្លើយឆ្លង
អូនកើបដីឲ្យបងលុញគោពូនផ្ទះឲ្យមុំ។
ឆ្នាំថ្មីស្រីប្រែវ័យជំទង់
ម៉ែហាមឃាត់នួងល្អងឲ្យបងខានលេងជួបជុំ
៣ ឆ្នាំចៃដន្យវាសនាខ្ញុំមុំស្រីពេញវ័យក្រមុំ
ល្អសមរកប្រៀបមិនបាន។
កែវភ្នែកអើយរកកល់ស្រវាំង
ញាប់ញ័រភាន់ភាំងដូចចាញ់សម្រស់កល្យាណ
រាងរាវមូលក្លំហើយត្រឹមឲ្យភ្លឹកវិញ្ញាណ
ចង់ស្តីតែស្តីមិនបានប្រាណអើយម្តេចខុសពីមុន។
កន្និដ្ឋាចោលភ័ក្ត្រាអឹមអៀន
ហើយដើរគេចហួសប្រាណទុកឲ្យបងតាមគយគន់
ក្នុងចិត្តស្តាយសែនស្តាយពេកពន់
ធ្វើម្តេចបានស្និទ្ធនឹងអូនប្រលោមដូចពីកុមារ៕

រឿងខ្ញុំចប់ហើយ

In Yeng
ច្រៀងដោយ ៖ អ៊ិន យ៉េង
ចង្វាក់ ៖ Slow

រឿងខ្ញុំចប់ហើយនៅឡើយស្រណោះ
សល់ពាក្យពិរោះចារលើអក្ខរា
សេកមាសក្សិណក្ស័យដោយដៃចិន្តា
ឆាករឿងវាសនាចប់ទាំងទឹកភ្នែក។
រឿងគេគគោកគេសោកគេស្តាយ
រឿងខ្ញុំពោះម៉ាយយំទួញសង្វែក
រង់ចាំសូរិយាយាងរះថ្ងៃស្អែក
ក្រែងបានរំលែកភ្នំទុកទៅខ្លះ។
សំណើចទឹកភ្នែកពុះជ្រែកអ្នផង
លាបាត់ដំបងទុកជារឿងចាស់
រឿងស្ទឹងសង្កែជារឿងប្តូរផ្លាស់
នឹកឡើងសែនខ្មាស់ជីវិតខ្លួនឯង។
រស់ជាកូនសត្វយំព្រាត់គ្រួសារ
រស់ចាំសង្ខាប្រែក្លាយជាផ្សែង
លាស្ទឹងសង្កែជាភូមិចំបែង
ដែលខ្ញុំសូមថ្លែងរឿងខ្ញុំចប់ហើយ៕

ពេលមេឃស្រទុំ

Ros Serey Sothea
ច្រៀងដោយ ៖ រស់ សេរីសុទ្ធា
ចង្វាក់ ៖ Slow Rock

ពេលមេឃស្រទុំអូនយំស្រណោះ
ដួងចិត្តគ្រាមក្រោះ អស់ហើយសេចក្តីសង្ឃឹម
ព្រឹលអស់កែវភ្នែក ដូចភ្លៀងរលឹម
ច័ន្ទក៏លែងញញឹម ដូចគ្រាដើមទៀតហើយ។
ច័ន្ទអើយដឹងទេតើមកពីអ្វី
បានជារូបស្រី បីដូចជាទូកគ្មានត្រើយ
កាលអូនសួរបង បងក៏មិនឆ្លើយ
គ្មានអ្នកណាមួយឡើយ អាចឆ្លើយនឹងអូនបាន។
ដួងចិត្តហ្មងសៅ រស់នៅកំព្រា
ស្នេហាឥតមាន ជម្រកគ្មានស្ថាន
ស្រវាចាប់អ្វី ក៏ចាប់មិនបាន
ឃើញអ្វីៗ ក៏ជាការស្មាន
ក្នុងស្ថានដែលគ្មានរស្មី។
ដឹងហើយថាអូនជាស្រីអភ័ព្វ
រស់សម្រាប់ស្លាប់ ដោយចិត្តដែលឥតប្រណី
ស្ថានសួគ៌ងងឹត ស្ថានចិត្តអប្រិយ
ស្ថានស្នេហ៍អវជ័យ សម្រាប់ស្រីដូចខ្ញុំ៕